រឿងនៃការផ្លាស់ប្តូរ៖ ថេ ដាណុល
ដាណុល អាយុ២២ឆ្នាំ គឺជានិស្សិតឆ្នាំទី៣ ជំនាញគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹង ត្រែង។ គាត់បានស្គាល់កម្មវិធីក្លាហាន9 លើកដំបូងនៅពេលដែលគាត់ចូលរួមកម្មវិធីទស្សនាចរណ៍សិក្សាក្លាហាន9 នៅខេត្តស្ទឹងត្រែង។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាលរយះពេលបីថ្ងៃលើប្រធានបទផ្សេងៗដូចជា ការធ្វើផែនការ ការនិយាយជាសាធារណៈ ការចែករំលែកគន្លឹះដាក់ស្នើសុំអាហាររូបករណ៍ ជំនាញថតរូប និងវីដេអូ។
បន្ទាប់ពីដាណុលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការនិយាយជាសាធារណៈ និងទំនាក់ទំនងដោយមានប្រសិទ្ធភាពជាមួយក្លាហាន9 គាត់ចាប់ផ្តើមមានទំនុកចិត្តក្នុងការនិយាយពេលធ្វើបទបង្ហាញក្នុងថ្នាក់រៀន និងសកម្មភាពស្ម័គ្រចិត្ត។ គាត់បានបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ក្រសែភ្នែកក្នុងពេលធ្វើបទបង្ហាញ ការបំបាត់ភាពភ័យខ្លាចនៅលើឆាក ការរៀបចំខ្លួនឲ្យបានគ្រប់គ្រាន់ និងការប្រើប្រាស់គន្លឹះសម្រាប់ទំនាក់ទំនងឲ្យមានមានប្រសិទ្ធភាព។ “ខ្ញុំមិនមានភាពភ័យខ្លាចទៀតទេ នៅពេលដែលខ្ញុំនិយាយទៅកាន់មនុស្សជុំវិញខ្លួន” ដាណុលបាននិយាយ។ គាត់ក៏បានចែករំលែកគន្លឹះនិយាយជាសាធារណៈទាំងនោះជាមួយមិត្តភក្តិរបស់គាត់ដែលមិនមានទំនុកចិត្តក្នុងការនិយាយជាសាធារណៈ។
ដាណុលក៏បានពណ៌នាអំពីគន្លឹះ និងជំហានសំខាន់ៗមួយចំនួនក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ បន្ទាប់ពីគាត់បានចូលរួមវគ្គចែករំលែកពីព័ត៌មានអាហាររូបករណ៍។ គាត់ក៏បានរៀនពីរបៀបក្នុងការស្រាវជ្រាវព័ត៌មាន អាហារូបករណ៍ឲ្យមានប្រសិទ្ធិភាព និងការបំពេញលក្ខ័ណ្ឌអាហាររូបករណ៍ដូចជា ប្រវត្តិសិក្សាល្អ ភាសា បទពិសោធន៍ការងារ និងសកម្មភាពសង្គម។
ដាណុលក៏ចាប់អារម្មណ៍និងជំនាញឌីជីថលដូចជា ការបង្កើតវីដេអូ ឬក៏មាតិកានៅលើយូធូប។ គាត់តែងតែចង់រៀនជំនាញទាំងនេះ ប៉ុន្តែគាត់មិនដែលមានឱកាសពីមុនមកទេ។ ដូច្នេះ គាត់បានសម្រេចចិត្តចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើជំនាញថតរូប និងវីដេអូ។ “ខ្ញុំបានរៀនបច្ចេកទេសថតរូបជាច្រើនដូចជា ការមើលពន្លឺ ការជ្រើសរើសប្លង់ថតឲ្យត្រឹមត្រូវ និងគន្លឹះមួយចំនួនក្នុងការបង្កើតវីដេអូ” ដាណុលបាននិយាយ។
ដាណុលបានកត់សម្គាល់ចំណុចផ្លាស់ប្តូរមួយចំនួនទៅលើខ្លួនគាត់បន្ទាប់ពីគាត់បានចូលរួមកម្មវិធីទស្សនាចរណ៍សិក្សាក្លាហាន9។ ចំណុចទីមួយ គាត់មានភាពក្លាហាន និងមានទំនុកចិត្តជាងមុន ហើយគាត់ហ៊ានចែករំលែកគំនិតរបស់គាត់ទៅកាន់មនុស្សដទៃទៀត។ ចំណុចទីពីរ គាត់មានគោលដៅក្នុងជីវិត និងមានគម្រោងក្នុងការសម្រេចក្តីស្រមៃរបស់គាត់។ គាត់ចាប់ផ្តើមមើលឃើញនូវអ្វីដែលគាត់ចង់សម្រេចបានច្បាស់ជាងមុន។ ជាមួយក្តីស្រមៃចង់ធ្វើជាអ្នកជំនួញម្នាក់ និងបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដាណុលបានបែងចែកគម្រោងរបស់គាត់ជារយៈពេលខ្លី និងវែង ដើម្បីសម្រេចក្តីស្រមៃក្នុងរយះពេល១០ឆ្នាំ។ គម្រោងរយះពេលខ្លីរបស់គាត់គឺចាប់យកឯកទេសគ្រប់គ្រងធុរកិច្ច និងខិតខំរៀនដើម្បីបញ្ចប់ការសិក្សា។ គាត់មានបំណងធ្វើការនៅក្នុងក្រុមហ៊ុនមួយដើម្បីទទួលបានបទពិសោធន៍អាជីវកម្ម សន្សំលុយ រៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងបច្ចេកទេសសំខាន់ៗផ្សេងទៀតក្នុងទំនាក់ទំនង និងការគ្រប់គ្រង មុនពេលដែលគាត់អាចបង្កើតក្រុមហ៊ុនខ្លួនឯងបាន។ ដោយមានការលើកទឹកចិត្តខ្ពស់ ដាណុលមានការតាំងចិត្តសម្រេចគម្រោងរបស់គាត់ម្តងមួយជំហានៗដោយមិនបោះបង់។
“ការធ្វើផែនការពិតជាមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់សម្រេចក្តីស្រមៃរបស់អ្នក ហើយបើអ្នកមិនមានគម្រោងច្បាស់លាស់ទេ អ្នកនិងមានអារម្មណ៍ថាពិបាកក្នុងការដើរទៅមុខ ឬក៏បរាជ័យនៅចំណុចណាមួយ។” ដាណុលបាននិយាយ។
រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action