រឿងនៃការផ្លាស់ប្តូរ៖ ហួត សុវណ្ណារិទ្ធ (អ្នកចូលរួមកម្មវិធីទស្សនាចរណ៍សិក្សាក្លាហាន9)
សុវណ្ណារិទ្ធកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៅសាលាដុនបូស្កូ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គាត់ចង់ក្លាយជាវិស្វករផ្នែកព័ត៌មានវិទ្យា ដោយសារវាជាក្តីស្រមៃតាំងពីក្មេង។ គាត់បានរៀនសរសេរកូដមួយចំនួនដោយខ្លួនឯង ដូចជា HTML និង CSS តាមរយៈវីដេអូបង្រៀននៅលើយូធូប និងគេហទំព័រមិនគិតថ្លៃផ្សេងៗ។ គាត់ក៏មានបទពិសោធន៍ផ្នែកព័ត៌មានវិទ្យាខ្លះៗ តាមរយៈការស្ម័គ្រចិត្តបង្រៀនជំនាញកុំព្យូទ័រ។
សុវណ្ណារិទ្ធបានស្គាល់ទស្សនាចរណ៍សិក្សាក្លាហាន9ពីមិត្តភក្តិរបស់គាត់។ គាត់បាននិយាយថាទស្សនាចរណ៍សិក្សាក្លាហាន9 គឺជាកម្មវិធីអប់រំដែលមានទាំងជំនាញរឹង និងជំនាញទន់ ដែលជាវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែលគាត់អាចចូលរួម និងរៀនដូចជា ការបង្កើតមាតិកាក្នុងយូធូប ការធ្វើផែនការអាជីវកម្ម ការនិយាយជាសាធារណៈ ការស្វែងព័ត៌មានការងារ និងអាហារូបករណ៍ជាដើម។
សុវណ្ណារិទ្ធចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវគ្គបណ្តុះបណ្តាលអំពីការនិយាយជាសាធារណៈ ដោយសារតែជំនាញនិយាយរបស់គាត់នៅមានកម្រិត ហើយគាត់មិនមានទំនុកចិត្តក្នុងការនិយាយទៅកាន់មនុស្សច្រើន។ ទោះបីជាគាត់មិនអាចក្លាយជាអ្នកនិយាយសាធារណៈដ៏ល្អម្នាក់ភ្លាមៗក៏ដោយ វគ្គបណ្ដុះបណ្តាលនេះបានណែនាំគាត់ឲ្យយល់ពីសារៈសំខាន់ និងគោលបំណងនៃការនិយាយជាសាធារណៈដែលមានប្រសិទ្ធភាព។ សុវណ្ណារិទ្ធក៏ទទួលបានគន្លឹះក្នុងការធ្វើសុន្ទរកថាដែលទាក់ទាញ ដែលគាត់អាចយកវាទៅប្រើប្រាស់ក្នុងការការពារសារណានៅក្នុងពេលខាងមុខ។ ជាងនេះទៅទៀត គាត់បានរៀនបច្ចេកទេសសំខាន់ៗមួយចំនួន ដូចជាការស្គាល់ពីអ្នកស្តាប់ ការប្រើប្រាស់មធ្យោបាយសំខាន់ៗក្នុងការនិយាយជាសាធារណៈ ភាសាកាយវិការ និងការទទួលយកមតិយោបល់របស់អ្នកស្តាប់។ សុវណ្ណារិទ្ធក៏បានលើកឡើងថាជារឿយៗ គាត់ធ្លាប់និយាយជាសាធារណៈ ប៉ុន្តែគាត់មិនដែលដឹងពីគោលបំណង ប្រភេទអ្នកស្តាប់ និងរបៀបធ្វើឲ្យការនិយាយមានភាពទាក់ទាញ និងចាប់អារម្មណ៍។
គាត់បាននិយាយថា៖ “វគ្គបណ្តុះបណ្តាលនេះបានជួយធ្វើឲ្យការនិយាយរបស់ខ្ញុំគួរឲ្យចាប់អារម្មណ៍ ពេលខ្លះ ពេលដែលយើងនិយាយ យើងតែងតែគិតថាយើងធ្វើបានល្អហើយ និងមិនទទួលពាក្យរិះគន់ស្ថាបនារបស់អ្នកដទៃ ដូច្នេះវាមានភាពពិបាកក្នុងការអភិវឌ្ឍខ្លួន ប៉ុន្តែឥលូវ ខ្ញុំរៀនយកគំនិតរបស់អ្នកដទៃមកគិត និងប្រើប្រាស់។”
សុវណ្ណារិទ្ធក៏ចាប់អារម្មណ៍ទៅលើការបង្កើតមាតិកានៅលើយូធូបផងដែរ។ តាមរយះវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់យូធូប គាត់បានរៀនពីការបង្កើនគុណភាពមាតិកាក្នុងយូធូបរបស់គាត់ និងទាក់ទាញឲ្យមានអ្នកចូលមើលច្រើន។ គាត់ក៏បានរៀនពីគន្លឹះដ៏គួរឲ្យចាប់អារម្មណ៍ពីវាគ្មិនកិត្តិយសដូចជា ការបង្កើតវីដេអូកំសាន្ត និងវីដេអូនិយាយពីផលិតផល ព្រោះគាត់អាចរកលុយ និងធ្វើឲ្យខ្លួនល្បីតាមរយៈយូធូបបាន។ គាត់ក៏បានរៀនពីរបៀបបង្កើតមាតិកាវីដេអូល្អៗនៅក្នុងយូធូប ដែលមិនប៉ះពាល់ដល់ច្បាប់កម្មសិទ្ធិបញ្ញា។ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះ បណ្តាល សុវណ្ណារិទ្ធមានគម្រោងបង្កើតវីដេអូផ្សេងៗដែលនិយាយពីគុណភាពផលិតផលដូចជា ឧបករណ៍ប្រើប្រាស់ សម្ភារៈបរិក្ខាកុំព្យូទ័រ ដែលអាចទិញតាមអនឡាញបាន។
តាមរយៈទស្សនាចរណ៍សិក្សាក្លាហាន9 សុវណ្ណារិទ្ធរៀនទទួលយកមតិយោបល់របស់អ្នកដទៃ ដោយសារតែគាត់គិតថាវាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ខ្លួនរយៈពេលវែងរបស់គាត់។ ក្រៅពីការបើកចិត្តឲ្យទូលាយជាងមុន សុវណ្ណារិទ្ធមានភាពក្លាហាន និងមានទំនុកចិត្តជាងមុនក្នុងការនិយាយទៅកាន់មនុស្សជុំវិញខ្លួន។ ឥលូវ គាត់មានគំនិតវិជ្ជមានច្រើនចំពោះផែនការរបស់គាត់ធ្វើការក្នុងជំនាញព័ត៌មានវិទ្យា និងបន្តយកសញ្ញាប័ត្រក្នុងជំនាញនេះ។ គាត់បាននិយាយថា៖ “វាមិនមានភាពងាយស្រួលទេក្នុងការសម្រេចគោលដៅក្នុងពេលអនាគតរបស់ខ្ញុំ។ ជាធម្មតា មានឧបសគ្គជាច្រើន ប៉ុន្តែខ្ញុំនឹងព្យាយាមយកឈ្នះលើវាឲ្យបាន” ។
រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action