រឿងនៃការផ្លាស់ប្តូរ៖ អ៊ីង ឱរ៉ុម (អ្នកតាមដានតាមប្រព័ន្ធអនឡាញរបស់ក្លាហាន9)
ឱរ៉ុមបច្ចុប្បន្នគឺជាអ្នកគ្រប់គ្រងហាងបន្លែធម្មជាតិ (ហាងស្រុកស្រែ) ដែលលក់បន្លែគ្មានជាតិគីមី ទិញមកពីកសិករក្នុងស្រុក។ គាត់បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ឱរ៉ុមបានសម្រេចចិត្តបើកហាងបន្លែធម្មជាតិនៅពេលដែលគាត់បញ្ចប់ការសិក្សាមកពីប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងពង្រីកទីផ្សារផលិតផលបន្លែធម្មជាតិក្នុងស្រុកសម្រាប់ប្រជាជនរស់នៅជនបទ ក៏ដូចជាគាំទ្រកសិករក្នុងតំបន់។
ឱរ៉ុមបានស្គាល់ក្លាហាន9ចាប់តាំងពីឆ្នាំ២០១៧ ជាពិសេសនៅពេលដែលក្លាហាន9ចាប់ផ្តើមកម្មវិធីស្ថានីយក្តី ស្រមៃ។ បន្ទាប់មកគាត់បានចាប់ផ្តើមតាមដានទំព័រហ្វេសប៊ុកក្លាហាន9ជារឿយៗ ដើម្បីមើលមាតិកា និងវីដេអូថ្មីៗ។ តាមរយៈវីដេអូផ្សេងៗរបស់ក្លាហាន9 គាត់បានរៀនពីគំនិតធ្វើផែនការហិរញ្ញវត្ថុ ការជម្រុញទឹកចិត្តក្នុងការងារ និងគំនិតចាប់ផ្តើមអាជីវកម្មដែលអាចប្រើប្រាស់បានក្នុងហាងរបស់គាត់។
ឱរ៉ុមបានរំលឹកឡើងវិញពីវីដេអូស្ថានីយក្តីស្រមៃរបស់បុរសជនជាតិភាគតិចម្នាក់ពីខេត្តរតនគីរី ដែលបាននឹងកំពុងស្វែងរកបច្ចេកទេសថ្មីដើម្បីសម្រចក្តីស្រមៃពង្រីកចំការរបស់គាត់ និងបង្កើនទិន្នផល បន្ទាប់ពីគាត់បានធ្វើកសិកម្មតាមបែបប្រពៃណីអស់រយៈពេលជាង២០ឆ្នាំកន្លងមក។ លើសពីនេះទៅទៀត មាតិការបស់ក្លាហាន9ភាគច្រើនបានជម្រុញទឹកចិត្តគាត់ជាមួយនឹងគំនិតធ្វើផែនការអាជីវកម្មថ្មីៗ។ គាត់មានការជឿជាក់ថា ការស្វែងយល់ពីគំនិត និងបទពិសោធន៍របស់អ្នកដទៃអាចជួយណែនាំគាត់ និងជួយឲ្យអាជីវកម្មបច្ចុប្បន្នរបស់គាត់ដំណើរការបានល្អ។ “មាតិការបស់ក្លាហាន9 មិនសូវបង្ហាញពីជំនាញបច្ចេកទេសច្រើនទេ ប៉ុន្តែភាគច្រើនផ្តល់ជាគំនិត ដូចជារឿងរ៉ាវអំពីការតាំងចិត្ត និងការលើកទឹកចិត្ត ដែលអាចធ្វើឲ្យមនុស្សចាប់ផ្តើមអនុវត្តតាម” ឱរ៉ុមបានបន្ថែម។
ជារួម បន្ទាប់ពីឱរ៉ុមបានមើលមាតិកា និងវីដេអូនៅលើទំព័រហ្វេសប៊ុកក្លាហាន9ជារឿយៗ គាត់បានកត់សម្គាល់ ឥទ្ធិពលមួយចំនួនទៅលើខ្លួនគាត់។ ចំណុចទីមួយ គាត់ត្រូវបានជម្រុញទឹកចិត្តដោយ មេរៀនដែលគាត់បានរៀនពីបញ្ហាអាជីវកម្ម និងហិរញ្ញវត្ថុ ជាពិសេសពីតួអង្គដែលមានក្តីស្រមៃ ដែលបានជួបបញ្ហានៅក្នុងការធ្វើអាជីវកម្ម។ ទោះបីជាអាជីវកម្មបន្លែធម្មជាតិថ្មីសម្រាប់គាត់ក៏ដោយ គាត់បានចាប់ផ្តើមមានទំនុកចិត្តក្នុងការបើកហាងនេះ និងធ្វើវាបន្ត។ ចំណុចទីពីរ គាត់បានរៀនពីបទពិសោធន៍ និងការសម្រេចចិត្តពីតួអង្គដែលមានក្តីស្រមៃ ដើម្បីយកឈ្នះឧបសគ្គក្នុងការធ្វើអាជីវកម្ម។ ឱរ៉ុមតាំងចិត្តដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងអាជីវកម្មរបស់គាត់ដូចជា ការគ្រប់គ្រងហិរញ្ញវត្ថុ ការដឹកជញ្ជូន និងបញ្ហាបុគ្គលិក។ ក្នុងការគ្រប់គ្រងបុគ្គលិករបស់គាត់ ជាធម្មតាគាត់សំយោគគំនិតពីវីដេអូ និងមាតិការបស់ក្លាហាន9ចូលគ្នាដើម្បីចែករំលែកជាមួយបុគ្គលិក ដោយសារតែវាជាការក្រើនរំលឹកដល់ពួកគេក្នុងការធ្វើផែនការ ការលើកទឹកចិត្តធ្វើការ និងការដោះស្រាយបញ្ហា។
“កើតមកជាមនុស្ស អ្នកមិនអាចមើលងាយអ្នកដទៃទេ ប្រសិនបើគេបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តសម្រាប់អ្វីមួយ។” ឱរ៉ុមបាននិយាយ។
រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action