រឿងនៃការផ្លាស់ប្តូរ៖ នឿន ដាវីន (យុវទូតក្លាហាន9)
“ក្តីស្រមៃក្លាយជាសកម្មជនសិទ្ធិមនុស្សនៅប្រទេសកម្ពុជាពិតជាមានឧបសគ្គជាច្រើន ដែលមនុស្សភាគច្រើនគិតថាវាមិនអាចទៅរួច ហើយផ្ទុយទៅនិងបទដ្ឋានសង្គម។ វាត្រូវបានគេមើលឃើញជាទូទៅថា ការធ្វើជាសកម្មជននៅប្រទេសកម្ពុជាមិនមានសុវត្ថិភាព ហើយគេមិនរំពឹងថាមនុស្សស្រីវ័យក្មេងដូចជាខ្ញុំអាចធ្វើបាន។” ដាវីនបាននិយាយ។
បច្ចុប្បន្ន ដាវីនគឺជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ដាវីនមានក្តីស្រមៃចង់ក្លាយជាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានក្នុងអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិជាដើម។ ក្នុងពេលជាមួយគ្នា នាងក៏ចង់មានជំនួញដាំផ្កា និងបន្លែនៅស្រុកកំណើតផងដែរ។
តាមទស្សនៈរបស់ឪពុកម្តាយរបស់ដាវីន ក្តីស្រមៃរបស់នាងមិនអាចទៅរួចទេ ដោយសារពួគគាត់គិតថាការធ្វើការ និងធ្វើដំណើរទៅតាមខេត្តអាចមានគ្រោះថ្នាក់ច្រើន ហើយសុវត្ថិភាពរបស់នាងអាចនិងមានភាពប្រថុយប្រថាន។ ទោះបីជាយ៉ាងណាក៏ដោយ ដាវីនជឿជាក់ថានាងអាចធ្វើវាបាន ហើយនាងនឹងបង្ហាញឪពុកម្តាយថាអ្វីដែលពួកគេគិតគឺមិនត្រឹមត្រូវទេ។ ដាវីនបានឈប់ទទួលការជួយពីឪពុកម្តាយរបស់នាង ហើយផ្ទុយមកវិញនាងបានស្វែងរកការងារធ្វើដើម្បីផ្គត់ផ្គង់ការស្នាក់នៅនៅក្នុងទីក្រុងភ្នំពេញ។ នាងគិតថាការទទួលជំនួយពីឪពុកម្តាយរបស់នាងអាចដាក់សម្ពាធដល់នាងមិនឲ្យបន្តការសិក្សាឲ្យបានខ្ពស់ជាងនេះ។
ដាវីនបានចាប់ផ្តើមមើលកម្មវិធីស្ថានីយក្តីស្រមៃនៅពេលដែលនាងបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការ BBC Media Action ជាយុវទូតក្លាហាន9។ នាងត្រូវបានតម្រូវឲ្យមើលកម្មវិធីស្ថានីយក្តីស្រមៃ និងតាមដានមាតិការបស់ក្លាហាន៩ដោយខ្លួនឯង។ ដាវីនចាំបានពីខ្សែរឿងរបស់ស្រីរ៉ុងអំពីការចរចារ និងរឿងអង្គការក្រៅរដ្ឋាភិបាលអំពីការធ្វើផែនការ។ តាមរយៈរឿងរបស់ស្រីរ៉ុងអំពីការចាប់ផ្តើមអាជីវកម្មផ្កា ដាវីនបានរៀនពីជំនាញនៃការចរចារ ដែលនាងអាចយកវាទៅប្រើប្រាស់ក្នុងការចរចារជាមួយឪពុកម្តាយរបស់នាងអំពីក្តីស្រមៃផ្ទាល់ខ្លួន និងអ្វីដែលពួកគាត់មិនយល់ព្រម ជាពិសេសទៅលើគោលបំណងចង់ក្លាយជាសកម្មជន។ មិនដូចពីមុន នាងបានចាប់ផ្តើមបង្ហាញប្រាប់ឪពុកម្តាយពីព័ត៌មានផ្ទាល់ខ្លួនដោយគ្មានការស្ទាក់ស្ទើរ។ ស្ថានភាពនេះក៏ត្រូវបានផ្លាស់ប្តូរព្រោះឥលូវឪពុកម្តាយរបស់នាងចាប់ផ្តើមយល់ និងបើកទូលាយចំពោះនាង ទោះបីជាពួកគេនៅតែចង់ឃើញនាងរៀបការក៏ដោយ។
ដាវីនពិតជាចូលចិត្តវីដេអូស្ថានីយក្តីស្រមៃអំពីអង្គការក្រៅរដ្ឋាភិបាល ដែលជាការឆ្លុះបញ្ចាំងអំពីបទពិសោធន៍របស់នាងពេលនាងមកបន្តការសិក្សានៅភ្នំពេញដំបូង។ នាងមានការជម្រុញទឹកចិត្តមិនបោះបង់ចោលជីវិតសិក្សារបស់នាង។ បច្ចុប្បន្ន ដាវីនមានការងារធ្វើ និងមានកន្លែងស្នាក់នៅដោយមិនគិតថ្លៃ។ ទោះបីជាការងារបច្ចុប្បន្នរបស់ដាវីនមិនត្រូវគ្នាជាមួយជំនាញរបស់នាង ដាវីននៅតែពេញចិត្តដោយសារការងារនោះជាប្រភពសំខាន់សម្រាប់ការចំណាយប្រចាំខែរបស់នាង។ ឥឡូវដាវីនចាប់ផ្តើមបែងចែកគម្រោងរបស់នាងជាជំហានតូចៗ និងបន្តដើរទៅកាន់ក្តីស្រមៃរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ ដែលវាជាការជម្រុញពីវគ្គបណ្តុះបណ្តាល “ច្នៃក្តីស្រមៃឲ្យទៅជាគោលដៅជីវិត” ដោយក្លាហាន9។ ជាមួយនិងគម្រោងច្បាស់លាស់ក្នុងការសម្រេចក្តីស្រមៃ ដាវីនខិតខំបង្កើនសមត្ថភាពភាសាអង់គ្លេស និងព្យាយាមដោះស្រាយបញ្ហាក្នុងការចំណាយ ការសិក្សា និងការងារដោយខ្លួនឯង។ នាងក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមផ្សេងៗ ដូចជាកម្មវិធីសប្បុរសធម៌ វគ្គបណ្តុះបណ្តាលផ្សេងៗ និងការប្រកួតប្រជែងនានា។ នាងក៏ចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយអ្នកធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាល ចូលរួមក្នុងការងារស្ម័គ្រចិត្ត និងរស់នៅដោយឯករាជ្យនៅក្នុងទីក្រុង។ ដាវីនកំពុងព្យាយាមសម្រេចក្តីស្រមៃរបស់នាង ហើយជំហានទាំងអស់នេះ អាចជួយឲ្យនាងសម្រេចក្តីស្រមៃក្លាយជាសកម្មជនសិទ្ធិមនុស្សនៅថ្ងៃណាមួយ។
“ព្យាយាមចាប់យកឱកាសនៅពេលដែលវាបង្ហាញខ្លួននៅចំពោះមុខអ្នក មានគម្រោងច្បាស់លាស់សម្រាប់ក្តីស្រមៃរបស់យើង និងស្វែងរកព័ត៌មានដែលយើងត្រូវការដើម្បីសម្រេចក្តីស្រមៃ។” ដាវីននិយាយទៅកាន់អ្នកដែលមានក្តីស្រមៃផ្សេងទៀត។
រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action