រឿងនៃការផ្លាស់ប្តូរ៖ លោក សុខ សារ៉ែម (ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ចាម)
បច្ចុប្បន្ន លោកសារ៉ែមគឺជាប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ចាម។ ការងារប្រចាំថ្ងៃរបស់គាត់មានដូចជា ភ្ជាប់អ្នកដែលស្វែងរកការងារទៅនិងក្រុមហ៊ុន ចុះបញ្ជីឈ្មោះអ្នកដែលស្វែងរកការងារ រៀបចំសិក្ខាសាលាសម្រាប់សិស្ស និស្សិត និងអាជ្ញាធរក្នុងតំបន់ដើម្បីជម្រុញការងាររបស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ ក៏ដូចជាផ្សព្វផ្សាយការងារដែលសាកសមដល់ប្រជាជនក្នុងតំបន់។ គាត់ក៏រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់និស្សិតសាកលវិទ្យាល័យ និងផ្តល់ឲ្យពួកគេនូវជំនាញដែលមានសារៈសំខាន់ និងការរៀបចំខ្លួនមុនពេលចាប់ផ្តើមការងារ។
លោកសារ៉ែមបានលើកឡើងថា៖ “សម្រាប់ការងារប្រចាំថ្ងៃរបស់ខ្ញុំ ទំនាក់ទំនងខាងក្រៅជាមួយអាជ្ញាធរក្នុងតំបន់តែងតែមានភាពពិបាកខ្លះ ហើយការប្រើប្រាស់យុទ្ធសាស្រ្តទំនាក់ទំនងឲ្យមានប្រសិទ្ធភាពរឹតតែជាឧបសគ្គ”។ ប៉ុន្តែ តាមរយះការចូលរួមវគ្គបណ្តុះបណ្តាលលើយុទ្ធសាស្រ្តទំនាក់ទំនងជាមួយអ្នកជំនាញពីអង្គការ BBC Media Action មក ទំនាក់ទំនងជាមួយអ្នកស្វែងរកការងារធ្វើ នយោជក និងអាជ្ញាធរក្នុងតំបន់មានភាពប្រសើរជាងមុន។ បច្ចុប្បន្ន មជ្ឈមណ្ឌលការងារផ្តោតទៅលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើជាមធ្យោបាយសំខាន់ក្នុងការទំនាក់ទំនង។ ជាឧទាហរណ៍ បន្ទាប់ពីវគ្គបណ្តុះបណ្តាល មជ្ឈមណ្ឌលការងារចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធតេឡេក្រាមដើម្បីទាក់ទងជាមួយនិងអាជ្ញាធរក្នុងតំបន់ និងចែកចាយព័ត៌មាន។ បច្ចុប្បន្នមជ្ឈមណ្ឌលការងារខេត្តកំពង់ចាម មានបុគ្គលិកច្រើនជាងមុនដើម្បីគ្រប់គ្រងទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលការងារខេត្តកំពង់ចាម ដើម្បីឆ្លើយតបទៅនិងការកើនឡើងនៃសំនួរនានា និងការស្នើសុំពីអ្នកស្វែងរកការងារធ្វើ ជាពិសេសសិស្សថ្នាក់ទី១២។ ដើម្បីឆ្លើយតបទៅនិងអតិថិជនគោលដៅ មជ្ឈមណ្ឌលការងារចាប់ផ្តើមធ្វើឲ្យសារនីមួយៗ ងាយស្រួលយល់ និងចងចាំ ក្នុងបំណងផ្សព្វផ្សាយទៅដល់អ្នកស្វែងរកការងារធ្វើ និងគ្រួសាររបស់ពួកគេឲ្យមានប្រសិទ្ធិភាព។ សារទាំងនោះត្រូវបានសរសេរជាពាក្យធម្មតា ងាយស្រួលយល់ និងជាក់លាក់ ជាមួយនិងការបញ្ជាក់លើចំណុចគោល ដូចជា កម្រិតប្រាក់ខែ លេខទំនាក់ទំនង និងសេវាកម្មមិនគិតថ្លៃជាដើម។ មជ្ឈមណ្ឌលការងារបច្ចុប្បន្នព្យាយាមសម្របសាររបស់ខ្លួនទៅកាន់មនុស្សប្រភេទផ្សេងៗគ្នាដូចជាអ្នកស្វែងរកការងារដែលមានជំនាញទាប អ្នកស្វែងរកការងារបែបអប់រំ និងនយោជក។ លោកសារ៉ែមបានបន្ថែមទៀតថា៖ “អ្នកស្វែងរកការងារកាន់តែច្រើនមកទាក់ទងមជ្ឈមណ្ឌលការងារ ហើយចំនួននៃការចុះឈ្មោះ សំនួរប្រចាំថ្ងៃ និងការទាក់ទងតាមទូរស័ព្ទ ក៏មានការកើនឡើង។”
គាត់ក៏បានចង្អុលបង្ហាញថា មនុស្សក្មេងៗជាច្រើនមិនសូវផ្តល់អាទិភាពទៅលើការងារក្នុងស្រុកទេ ប៉ុន្តែបែជាមានទំនោរចំណាកស្រុកទៅធ្វើការនៅបរទេស។ ពួកគេភាគច្រើនក៏មិនបានគិតឲ្យបានល្អិតល្អន់ទៅលើគុណវិបត្តិ ហានិភ័យនៃការចំណាកស្រុក និងឧបសគ្គដែលអាចកើតមានឡើងក្នុងពេលធ្វើការផងដែរ។ ហេតុដូចនេះហើយ ដោយប្រើចំណេះដឹងលើការចំណាកស្រុកដែលមានសុវត្ថិភាព ពីវគ្គបណ្តុះបណ្តាល “ច្នៃក្តីស្រមៃឲ្យទៅជាគោលដៅជីវិត” លោកសារ៉ែមមានបំណងណែនាំឲ្យអ្នកដែលស្វែងរកការងារធ្វើ ក្រឡេកមកស្វែងរកការងារក្នុងស្រុកមុនពេលដែលពួកគេធ្វើចំណាកស្រុក ពិចារណាទៅលើហានិភ័យការងារ សុវត្ថិភាពគ្រួសារ និងហិង្សាក្នុងការងារជាដើម។
លោកសារ៉ែមបានបន្ថែមទៀតថា៖“យុទ្ធសាស្រ្តទំនាក់ទំនងដែលមានប្រសិទ្ធភាពពិតជាមានសារៈសំខាន់សម្រាប់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ ពីព្រោះការងារជាច្រើនត្រូវការទំនាក់ទំនងខាងក្រៅជាមួយមនុស្សដែលមានប្រវត្តិខុសៗគ្នា ដូចជា នយោជក អ្នកដែលស្វែងរកការងារធ្វើ និងអ្នកដែលគ្មានជំនាញជាដើម។ ពីមុន យើងត្រូវទៅផ្សព្វផ្សាយព័ត៌មានរបស់យើងដោយផ្ទាល់ ប៉ុន្តែឥលូវ យើងអាចបញ្ជូនព័ត៌មានទៅកាន់អាជ្ញាធរក្នុងតំបន់ ដើម្បីជួយផ្សព្វផ្សាយឱកាសការងារទៅកាន់សហគមន៍នានា។”
រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action