រឿងនៃការផ្លាស់ប្តូរ៖ ពេជ្រ រាជ (អ្នកតាមដានតាមប្រព័ន្ធអនឡាញរបស់ក្លាហាន៩)
“មាតិការបស់ក្លាហាន9 បានផ្លាស់ប្តូរការគិតរបស់ខ្ញុំ គ្រប់គ្រងការឆ្លើយតបទៅនិងបញ្ហាប្រចាំថ្ងៃ និងធ្វើឲ្យខ្ញុំមានភាពចាស់ទុំជាងមុន។ វាដូចជាមេរៀនជីវិតមួយដែលខ្ញុំងាយស្រួលរៀន និងចែករំលែកជាមួយមិត្តភក្តិ ហើយវាអាចរំលឹកខ្ញុំគ្រប់ពេលដែលខ្ញុំធ្វើអ្វីមួយ។“
សព្វថ្ងៃ រាជគឺជាតន្ត្រីករម្នាក់ដែលលេងនៅតាមបា ក្លឹប និងភោជនីយដ្ឋាន។ ពេលខ្លះគាត់ក៏ធ្វើការផ្សេងៗបន្ទាប់បន្សំដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់គាត់។ រាជមានក្តីស្រមៃចង់ក្លាយជាតន្រ្តីករល្បីម្នាក់ និងរកលុយដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់ឲ្យបានគ្រប់គ្រាន់។
“ក្លាហាន9បានជម្រុញទឹកចិត្តខ្ញុំជាច្រើនចាប់តាំងពីខ្ញុំចាប់ផ្តើមស្គាល់មក ហើយវាបានផ្តល់ឲ្យខ្ញុំនូវមេរៀនជីវិតដ៏មានតម្លៃដូចជា ការផ្លាស់ប្តូរទំលាប់ចាយលុយខ្ជះខ្ជាយ និងគ្មានផែនការ”។ ក្រៅពីការជម្រុញទឹកចិត្តពីក្លាហាន9 ឥឡូវរាជមានគម្រោងបង្កើតបទចម្រៀងនិពន្ធខ្លួនឯង ជាមួយបទភ្លេងថ្មីដែលអាចធ្វើឲ្យមានមនុស្សស្គាល់គាត់កាន់តែច្រើន។ ដោយមានឱកាសតិចតួច រាជគិតថាគាត់មិនអាចសម្រេចក្តីស្រមៃគាត់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែរក្សាទុកក្នុងចិត្តនូវអ្វីដែលគាត់ចង់ធ្វើ និងឈប់គិតពីការបោះបង់វា។
ចំពោះរាជ បទចម្រៀងក្លាហាន9មានឥទ្ធិពលចំពោះគាត់ជាងគេ។ “ខ្ញុំចូលចិត្តស្តាប់បទចម្រៀងក្លាហាន9 ពីព្រោះវាធ្វើឲ្យខ្ញុំមានចិត្តស្ងប់ ផ្លាស់ប្តូរអារម្មណ៍របស់ខ្ញុំ និងធ្វើឲ្យខ្ញុំគិតពីក្តីស្រមៃរបស់ខ្ញុំ។ ខ្ញុំស្តាប់បទចម្រៀង ហើយកត់ទុកនូវអត្ថន័យបទចម្រៀង។ វារំលឹកខ្ញុំពីអ្វីដែលខ្ញុំបានជួបប្រទះ និងអ្វីដែលខ្ញុំគួរធ្វើដើម្បីផ្លាស់ប្តូរខ្លួនឯង។” រាជបានបន្ថែម។
រាជបានកត់សំគាល់ឃើញការផ្លាស់ប្តូរមួយចំនួនលើខ្លួនគាត់ បន្ទាប់ពីគាត់បានតាមដានទំព័រហ្វេសប៊ុកក្លាហាន9 និងយូធូប។ ចំណុចទីមួយ វាជម្រុញទឹកចិត្តគាត់ឲ្យព្យាយាមជាងមុន និងបន្តអនុវត្តសម្រាប់ជីវិតរបស់គាត់បន្ថែមទៀត។ រាជបានរៀនសន្សំលុយ និងធ្វើគម្រោងសម្រាប់លុយដែលគាត់រកបានពីការលេងភ្លេង។ គាត់ក៏ត្រូវបាន ជម្រុញទឹកចិត្តមិនឲ្យបោះបង់ចោលក្តីស្រមៃរបស់ខ្លួនទោះបីជាមានឧបសគ្គច្រើនយ៉ាងណា មុនពេលដែលគាត់អាចសម្រេចក្តីស្រមៃក្លាយជាតន្ត្រីករល្បីម្នាក់។ លើសពីនេះទៅទៀត តួអង្គពីស្ថានីយក្តីស្រមៃបានផ្តល់យោបល់ដ៏មានតម្លៃពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងដំណើរជីវិតរបស់ពួកគេ និងរបៀបដោះស្រាយបញ្ហា។ រាជបានបន្ថែមថា៖“សម្រង់ពាក្យសម្តី និងមាតិកាដែលខ្ញុំបានមើលនៅលើទំព័រហ្វេសប៊ុកក្លាហាន9 គឺជាការរំលឹកប្រចាំថ្ងៃសម្រាប់ខ្ញុំដើម្បីឲ្យខ្ញុំបន្តផ្លាស់ប្តូរជីវិតរបស់ខ្ញុំឲ្យមានភាពប្រសើរឡើង និងរក្សាក្តីស្រមៃរបស់ខ្ញុំទៅមុខទៀត។”
ក្រៅពីក្តីស្រមៃ រាជក៏មានគម្រោងរយៈពេលខ្លីដើម្បីរកលុយបន្ថែមដែលអាចធ្វើឲ្យគាត់បន្តការសិក្សាបាននៅថ្ងៃណាមួយនិងជួយបងប្អូនរបស់គាត់តាមរយៈការអប់រំ។“ខ្ញុំត្រូវតែធ្វើឲ្យប្រាកដថាខ្ញុំនិងមិនចំណាយលុយដែលរកបានទៅលើរបស់ដែលមិនមានប្រយោជន៍ ប៉ុន្តែសន្សំលុយ ធ្វើផែនការ និងស្វែងរកការងារក្រៅម៉ោងបន្ថែមឲ្យបានច្រើន។” គាត់បានបន្ថែម។
រាជបាននិយាយទៅកាន់មនុស្សដទៃទៀតថា៖ “បរាជ័យគឺជាមេរៀនជីវិតមួយ។ ប្រសិនបើអ្នកបរាជ័យម្តង អ្នកត្រូវព្យាយាមឲ្យកាន់តែខ្លាំងដើម្បីជោគជ័យ។ បើសិនមិនមានបរាជ័យ អ្នកក៏មិនអាចរកភាពជោគជ័យឃើញដែរ។”
រឿងនៃការផ្លាស់ប្តូរ ផលិតដោយ៖ អង្គការ BBC Media Action